ខេត្តកណ្ដាល÷នៅព្រឹកថ្ងៃចន្ទ ១៣ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងអំឡុងខែកក្កដា ក៏ដូចជាកំណត់ទិសដៅ និងវិធានការចាំបាច់នានាសម្រាប់អនុវត្តបន្តក្នុងខែសីហា ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំរួមមាន លោក-លោកស្រី ស្នងការរង, លោក-លោកស្រី នាយការិយាល័យជំនាញទាំង៣១, លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង, លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥, លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧រូប។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងនគរបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានណែនាំឱ្យបន្តពង្រឹងវិន័យ ការអនុវត្តតួនាទីភារកិច្ច សាមគ្គីភាពផ្ទៃក្នុង និងការយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕






































0 Comments:
Post a Comment