កំពង់ចាម÷លោកវរសេនីយ៍ទោ ម៉ាត់ សុផាត ឋានៈ អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ម្នាក់រងរបួសធ្ងន់ក្នុងពេលបំពេញបេសកកម្មដើម្បីការពារសុខទុក្ខជាតិពលរដ្ឋ ហេតុការណ៍នេះបានកើតឡើងការពីវេលាម៉ោងប្រមាណ ១១ និង ៥នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ស្ថិតនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម យោងតាមប្រភពបានឲ្យដឹងថាក្រោយពីទទួលព័ត៌មានថាមានករណីហិង្សាភ្លាមៗលោកអធិការបាទដឹកនាំកម្លាំងចុះអន្តរាគមន៍បង្ក្រាបករណីហិង្សាវាយតប់គ្នារវាងក្រុមក្មេងស្ទាវ នៅកន្លែងកម្មវិធីប្រដាល់គុនខ្មែរ ក្នុងឃុំព្រែកកក់។
ក្នុងពេលកំពុងប្រតិបត្តិការឃាត់ខ្លួន ស្រាប់តែមានជនសង្ស័យម្នាក់បានយកឧបករណ៍មុតស្រួច (ដែកឆាប) ចាក់ទៅលើលោកចំខ្ទង់ច្រមុះក្បែរភ្នែកខាងស្តាំចំនួន ២កន្លែង បណ្តាលឱ្យលោកដេកដួលសន្លប់ក្នុងថ្លុកឈាមភ្លាមៗចំណែកឯជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗនៅកន្លែងកើតហេតុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ចំពោះស្ថានភាពបច្ចុប្បន្នរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត គឺធ្ងន់ធ្ងរខ្លាំង ដោយក្រុមគ្រូពេទ្យបញ្ជាក់ថាមានឈាមក(កក)ក្នុងខួរក្បាល និងសន្លប់មិនទាន់ដឹងខ្លួននៅឡើយ។
ក្រោយពីបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ពេលនេះលោកកំពុងត្រូវបានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាមហើយ។
ជាចុងក្រោយរូបខ្ញុំផ្ទាល់និងសហការីអង្គភាពសារព័ត៌មានសែនសុខហ៊តញូស៍ទាំងអស់ សូមជូនពរលោកវរសេនីយ៍ទោ ម៉ាត់ សុផាត អធិការរងស្រុកស្ទឹងត្រង់ សូមឱ្យឆាប់ជាសះស្បើយដើម្បីមកបម្រើការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានវិញ🙏🙏🙏៕








































