អគ្គិភ័យដ៏ធំឆាបឆេះផ្ទះប្រជាពលរដ្ឋ ៥ខ្នង! លោកវរសេនីយ៍ទោ ហង់ នរិទ្ធ ដឹកនាំកម្លាំងចុះអន្តរាគមន៍ផ្ទាល់ ជួយពន្លត់នៅស្រុកពាមរក៍...
ព្រៃវែង៖ ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកវរសេនីយ៍ទោ ហង់ នរិទ្ធ អធិការនៃអធិការដ្ឋាននគរបាលស្រុកលើកដែក បានដឹកនាំកម្លាំងចុះអន្តរាគមន៍ និងចូលរួមសហការជួយពន្លត់អគ្គិភ័យដ៏ធំមួយនៅស្រុកពាមរក៍ ខេត្តព្រៃវែង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២៖០៥នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិលេខ២ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង បណ្តាលឱ្យអគ្គិភ័យឆាបឆេះ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នង។
ក្នុងនោះ ផ្ទះចំនួន ១ខ្នងត្រូវបានឆេះខូចខាតទាំងស្រុង ខណៈផ្ទះចំនួន៤ខ្នងទៀតរងការខូចខាតប្រមាណ ៧០%, ៨០%, ៣០% និង២០% ដោយសាររោល និងផ្សែងអណ្ដាតភ្លើង។
តាមការបញ្ជាក់ជាបឋម ករណីអគ្គិភ័យនេះត្រូវបានសង្ស័យថា បណ្តាលមកពី ទុស្សេខ្សែភ្លើង ខណៈម្ចាស់ផ្ទះមានមុខរបរលក់ និងបញ្ចូលធុងហ្គាស ដែលធ្វើឱ្យស្ថានការណ៍កាន់តែមានហានិភ័យ។
ក្រោយទទួលបានបទបញ្ជា លោកវរសេនីយ៍ទោ ហង់ នរិទ្ធ បានដឹកនាំកម្លាំងចុះអន្តរាគមន៍ និងសហការជាមួយកម្លាំងពាក់ព័ន្ធ ដើម្បីគ្រប់គ្រង និងពន្លត់អគ្គិភ័យ រហូតអាចគ្រប់គ្រងស្ថានការណ៍បាន ១០០%។
ជាសំណាងល្អ ក្នុងហេតុការណ៍នេះ មិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
👉 សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះប្រព័ន្ធអគ្គិសនី និងការរក្សាទុកសម្ភារៈងាយឆេះ ជាពិសេសនៅតាមផ្ទះដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងហ្គាស ដើម្បីបង្ការហានិភ័យអគ្គិភ័យដែលអាចកើតឡើងដោយមិនបានរំពឹងទុក៕






















































