សូមស្វាគមន៍ www.sapormeannhorkbunthoeunsensokhotnews.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880....

សូមស្វាគមន៍ សារព័ត៌មាន ញ៉ក់​ ប៊ុនធឿន សែនសុខ ហត ញូស៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880..

Sunday, 18 October 2026

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំកម្លាំងនគរបាលខេត្តកណ្តាលការពារសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាព ក្នុងពិធីទទួលដំណើរនិវត្តន៍របស់សម្តេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី នៅអាកាសយានដ្ឋានអន្តរជាតិតេជោ....

ចំនួនអ្នកទស្សនា: Views



ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួម និងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។


ការរៀបចំកម្លាំងការពារសន្តិសុខនេះ ធ្វើឡើងក្នុងពិធីទទួលដំណើរអញ្ជើញនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។


ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានយកចិត្តទុកដាក់ដឹកនាំ និងណែនាំកងកម្លាំងនគរបាលក្រោមឱវាទ ឱ្យបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ រក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ ដើម្បីធានាឱ្យដំណើរការទទួលដំណើរនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់ប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។


សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់របស់កងកម្លាំងនគរបាលខេត្តកណ្តាល ក្នុងការអនុវត្តតួនាទីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ ព្រមទាំងរួមចំណែកថែរក្សាសន្តិសុខ និងស្ថិរភាពសង្គមជូនប្រជាពលរដ្ឋ៕



















Wednesday, 7 October 2026

ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»

ចំនួនអ្នកទស្សនា: Views



ជម្លោះផ្លូវច្បាប់រវាងក្រុមហ៊ុនផលិតផលសម្រស់ និងអតីតតារាសិល្បៈបានផ្ទុះឡើង ដោយក្រុមហ៊ុន ឌីអរ អារ៉ូម៉ា (ខេមបូឌា) ឯ.ក (DR AROMA (CAMBODIA) CO., LTD.) បានសម្រេចដាក់ពាក្យប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងស្វាមី គឺលោក ឃុំ ប៉ុណ្ណាដែត ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ព្រមទាំងទាមទារសំណងការខូចខាត និងសំណងជំងឺចិត្តសរុបចំនួន ២០០,០០០ (ម្ភៃម៉ឺន) ដុល្លារអាមេរិក។


យោងតាមខ្លឹមសារនៃពាក្យបណ្តឹងផ្លូវការ ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ គោរពជូនឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើមបណ្តឹងគឺក្រុមហ៊ុន DR AROMA តំណាងដោយលោក វាសនា ខេមរិន្ទ បានប្តឹងចោទប្រកាន់លើឈ្មោះ យក់ ឋិតរដ្ឋា (កាន់អត្តសញ្ញាណប័ណ្ណលេខ ១៩០៩៦៣៦៣៣) និងឈ្មោះ ឃុំ ប៉ុណ្ណាដែត (កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០១៤១៨៥(០២)) ដែលមានអាសយដ្ឋានរួមនៅ ផ្ទះលេខ ១៨ ផ្លូវលេខ P32 ភូមិខ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងបក្សពួក ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» (យោងតាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ) ដែលបានប្រព្រឹត្តចាប់តាំងពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ រហូតមកដល់បច្ចុប្បន្ន។

បើតាមការបញ្ជាក់ក្នុងពាក្យបណ្តឹង មុននឹងឈានដល់ការប្តឹងផ្តល់នេះ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុន DR AROMA បានទទួលលិខិតជូនដំណឹងផ្លូវការមួយច្បាប់ពីមេធាវីតំណាងដោយអាណត្តិរបស់លោកស្រី យក់ ឋិតរដ្ឋា ដោយបានលើកឡើងនូវ ៣ ចំណុចសំខាន់ៗ។ ក្នុងនោះ ចំណុចទី១ បានចោទប្រកាន់ថាក្រុមហ៊ុនមិនបានផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនលោកស្រី ដូចដែលបានសន្យានៅពេលធ្វើជាទូតសុឆន្ទៈ (Brand Ambassador - BA) ឡើយ។ ចំណុចទី២ បានចាត់ទុកថាក្រុមហ៊ុនបានបោះបង់កិច្ចព្រមព្រៀង BA ហើយតម្រូវឱ្យក្រុមហ៊ុនបញ្ឈប់ការប្រើប្រាស់រូបភាព វីដេអូ ឬសកម្មភាពផ្សេងៗរបស់លោកស្រី បើមិនដូច្នេះទេនឹងចាត់វិធានការតាមផ្លូវច្បាប់។
 
រីឯចំណុចទី៣ បានស្នើឱ្យលោក វាសនា ខេមរិន្ទ ណែនាំបុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យបញ្ឈប់ការផ្សព្វផ្សាយ ឬប្រើប្រាស់រូបភាព និងវីដេអូរបស់លោកស្រីបន្តទៀត។ នៅយប់ថ្ងៃដដែល (ថ្ងៃទី២ ខែតុលា) លោកស្រី យក់ ឋិតរដ្ឋា បានបង្ហោះសារជាសាធារណៈលើទំព័រ Facebook ផ្លូវការរបស់ខ្លួនឈ្មោះ “យក់ ថិតរដ្ឋា-Yuk Thitratha” ប្រកាសថា ខ្លួនបានបញ្ចប់ការងារជា BA របស់ DR AROMA ហើយ ព្រមទាំងបានភ្ជាប់មកជាមួយនូវរូបភាពលិខិតជូនដំណឹងចំនួន ២ សន្លឹក ដោយមួយច្បាប់ជូនសាធារណជន និងមួយច្បាប់ទៀតជូនលោក វាសនា ខេមរិន្ទ។
 
លុះមកដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសនៃពិធីសម្ពោធផលិតផលថ្មីរបស់ខ្លួន លោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បានផ្តល់បទសម្ភាសន៍ដល់គេហទំព័រ «សម្លេង សិល្បៈ» ដោយបានបញ្ជាក់បន្ថែមពីការផ្តាច់កិច្ចសន្យានេះ។ បន្ទាប់មក ភាគីទាំងពីរបានចែករំលែក (Share) អត្ថបទចុះផ្សាយរបស់បណ្តាញព័ត៌មានផ្សេងៗជាច្រើនលើទំព័រ Facebook របស់ខ្លួន រួមមាន Dara Story, Dara News, និង Kanha ជាដើម។ លើសពីនេះ ក្រុមហ៊ុនក៏បានកត់សម្គាល់ឃើញមានគណនី Facebook ចំនួន ៣ រួមមាន Tra Luis, Tep Tola, និង Nin Nin បានចូលទៅបញ្ចេញមតិក្នុងន័យចោទប្រកាន់ ប្រើប្រាស់ពាក្យពេជ្រមិនសមរម្យ និងទម្លាក់កំហុសមកលើក្រុមហ៊ុនដោយគ្មានមូលដ្ឋានពិតប្រាកដ។

ឆ្លើយតបនឹងការចោទប្រកាន់ខាងលើ ក្រុមហ៊ុន DR AROMA បានរៀបរាប់ក្នុងពាក្យបណ្តឹងថា កន្លងមក លោក ឃុំ ប៉ុណ្ណាដែត គឺជាអ្នកយកផលិតផលពីក្រុមហ៊ុនទៅលក់បន្ត។ ក្រោយមក ភាគីទាំងពីរបានឯកភាពគ្នារៀបចំកម្មវិធីចុះកិច្ចព្រមព្រៀងធ្វើជា BA រវាងក្រុមហ៊ុន និងលោកស្រី យក់ ឋិតរដ្ឋា ក្នុងគោលបំណង «លើកមុខមាត់ជូនលោកស្រី យក់ ឋិតរដ្ឋា និងជួយផ្សព្វផ្សាយផលិតផលដែលលោក ឃុំ ប៉ុណ្ណាដែត យកទៅលក់បន្តតែប៉ុណ្ណោះ ដោយពុំមានលក្ខខណ្ឌអត្ថប្រយោជន៍ជាសាច់ប្រាក់ ឬកម្រៃណាមួយដែលក្រុមហ៊ុនត្រូវប្រគល់ជូនលោកស្រីឡើយ»។ ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា ការចេញមុខប្រកាសក្តែងៗតាមបណ្តាញសង្គមរបស់លោកស្រី យក់ ឋិតរដ្ឋា និងស្វាមី ព្រមទាំងបក្សពួក គឺជា «ចេតនាចោទប្រកាន់ និងបំផ្លើសទាំងស្រុង» ថាក្រុមហ៊ុនមិនផ្តល់អត្ថប្រយោជន៍ ឬប្រើប្រាស់រូបភាព Free [...] ក្នុងគោលបំណងបំពុលព័ត៌មានឱ្យល្បី ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងផ្សព្វផ្សាយផលិតផលផ្ទាល់ខ្លួនដែលទើបដាក់បង្ហាញនាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ប៉ុណ្ណោះ។

ដើមបណ្តឹងបានគូសបញ្ជាក់បន្ថែមថា សកម្មភាពចោទប្រកាន់ និងទម្លាក់កំហុសដោយគ្មានការពិតពីសំណាក់លោកស្រី យក់ ឋិតរដ្ឋា លោក ឃុំ ប៉ុណ្ណាដែត និងបក្សពួក មានចេតនាយ៉ាងច្បាស់លាស់ក្នុងការធ្វើឱ្យសាធារណជន អតិថិជន និងដៃគូសហការ មានការភ័ន្តច្រឡំ និងនាំឱ្យបាត់បង់ជំនឿទុកចិត្តយ៉ាងខ្លាំងលើផលិតផល ព្រមទាំងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រុមហ៊ុន។ អាស្រ័យហេតុនេះ ក្រុមហ៊ុន DR AROMA បានស្នើសុំឱ្យឯកឧត្តមព្រះរាជអាជ្ញាមេត្តាពិនិត្យ និងជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ ព្រមទាំងទាមទារសំណងជំងឺចិត្តចំនួន ២០០,០០០ ដុល្លារអាមេរិក តាមនីតិវិធីច្បាប់ជាធរមាន។
 
ជុំវិញរឿងរ៉ាវខាងលើនេះ លោក វាសនា ខេមរិន្ទ អគ្គនាយកក្រុមហ៊ុន DR AROMA បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លីថា៖ «ពាក់ព័ន្ធនឹងករណីនេះ ខាងក្រុមហ៊ុនមិនចង់ធ្វើការបកស្រាយអ្វីច្រើនឡើយ ព្រោះមានតែវិធានការតាមផ្លូវច្បាប់ប៉ុណ្ណោះ ទើបអាចដោះស្រាយបាន។ ដូច្នេះ លោកសង្ឃឹមថា ច្បាប់នឹងអាចដោះស្រាយរាល់ការចោទប្រកាន់មកលើក្រុមហ៊ុនបាន»៕












Saturday, 3 October 2026

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ នៅក្រុងច្បារមន ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើងនៅរោងចក្រមួយកន្លែង ក្នុងស្រុកភ្នំស្រួច...

ចំនួនអ្នកទស្សនា: Views



កំពង់ស្ពឺ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅក្នុងរោងចក្រមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយបានរត់គេចខ្លួនមកក្រុងច្បារមន។ បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ។

ប្រភពបានឱ្យដឹងថា នៅវេលាម៉ោង ២៣:២៤នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចេញល្បាតចល័តតាមផ្លូវក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបានប្រទះឃើញ ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលសង្ស័យថាពាក់ព័ន្ធនឹងករណីលួចកាត់ខ្សែភ្លើងពីរោងចក្រមួយក្នុងស្រុកភ្នំស្រួច។

ក្រោយការសាកសួរតាមនីតិវិធី ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅក្នុងរោងចក្រមួយកន្លែងដែលទុកចោល និងមិនដំណើរការ ស្ថិតនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំង ៣នាក់ រួមមាន៖

ទី១៖ ឈ្មោះ សុន ប៊ុននឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ។

ទី២៖ ឈ្មោះ ណន ណាវី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ។

ទី៣៖ ឈ្មោះ ពៅ កក្កដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។

ជនសង្ស័យទាំង៣នាក់ មានទីលំនៅបច្ចុប្បន្ននៅភូមិទួលធ្នង់ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាង រួមមាន កាំបិតផ្កាក់ចំនួន១, កន្ត្រៃកាត់ខ្សែភ្លើងចំនួន១, ទូរស័ព្ទដៃចំនួន២គ្រឿង, ម៉ូតូចំនួន១គ្រឿង និងលួសស្ពាន់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕