ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួម និងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ការរៀបចំកម្លាំងការពារសន្តិសុខនេះ ធ្វើឡើងក្នុងពិធីទទួលដំណើរអញ្ជើញនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានយកចិត្តទុកដាក់ដឹកនាំ និងណែនាំកងកម្លាំងនគរបាលក្រោមឱវាទ ឱ្យបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ រក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ ដើម្បីធានាឱ្យដំណើរការទទួលដំណើរនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់ប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់របស់កងកម្លាំងនគរបាលខេត្តកណ្តាល ក្នុងការអនុវត្តតួនាទីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ ព្រមទាំងរួមចំណែកថែរក្សាសន្តិសុខ និងស្ថិរភាពសង្គមជូនប្រជាពលរដ្ឋ៕




























0 Comments:
Post a Comment