កណ្តាល៖ នៅព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួម និងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ សហការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងពិធីជូនដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង និងអញ្ជើញចូលរួម សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ (World Artificial Intelligence Conference 2026 – WAIC) ដែលប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
ដោយអនុវត្តតាមផែនការការពារដែលបានដាក់ចេញ កងកម្លាំងនគរបាលខេត្តកណ្តាល បានសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំង និងអង្គភាពពាក់ព័ន្ធ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ ប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យពិធីជូនដំណើរថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាល ប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងទទួលបានជោគជ័យ។
សកម្មភាពនេះបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ភាពម្ចាស់ការ វិន័យ និងវិជ្ជាជីវៈខ្ពស់របស់កងកម្លាំងនគរបាលខេត្តកណ្តាល ក្នុងការបំពេញភារកិច្ចការពារថ្នាក់ដឹកនាំជាតិ និងព្រឹត្តិការណ៍សំខាន់ៗ ស្របតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់៕
អត្ថបទ៖ ប៊ុន ធឿន ហៅខ្លាពីរ
រូបភាព៖ ក្រុមការងារស្នងការដ្ឋាននគរបាលខេត្តកណ្តាល
















































0 Comments:
Post a Comment