នាព្រឹកថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្តកណ្តាល។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅសាលប្រជុំសាលាខេត្តកណ្តាល។
កិច្ចប្រជុំបានផ្តោតលើការពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ក្នុងឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម វិធានការដោះស្រាយ និងដាក់ចេញទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលជាវិជ្ជមាន។
ទន្ទឹមនឹងនេះ ក៏បានជំរុញឱ្យគ្រប់អង្គភាពពាក់ព័ន្ធបន្តពង្រឹងកិច្ចសហការ បង្កើនការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ដើម្បីរក្សាបាននូវសុខសន្តិភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
ការចូលរួមរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក្នុងកិច្ចប្រជុំនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដោយបន្តរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព៕


































0 Comments:
Post a Comment