កណ្តាល៖ នៅរសៀលថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួម និងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ សហការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ការអនុវត្តភារកិច្ចនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជា និងការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយផ្តោតលើការធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពខ្ពស់បំផុត ក្នុងព្រះរាជពិធីដ៏មានសារៈសំខាន់នេះ។
ពិធីនេះ ត្រូវបានរៀបចំឡើងក្នុងឱកាសទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលសព្វព្រះរាជហឫទ័យយាងនិវត្តន៍ពីរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ប្រកបដោយព្រះរាជសុវត្ថិភាព និងព្រះរាជកិត្តិយសដ៏ឧត្តុង្គឧត្តម។
ការដាក់ពង្រាយកងកម្លាំងនគរបាលនាឱកាសនេះ បានប្រព្រឹត្តទៅដោយមានការរៀបចំយ៉ាងម៉ឺងម៉ាត់ ស្របតាមផែនការការពារដែលបានកំណត់ ដើម្បីធានាឱ្យព្រះរាជពិធីប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរ។
«ពីប៊ុន ធឿន (ហៅខ្លាពីរ) ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល»៕












































0 Comments:
Post a Comment