លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនដើរផ្ដល់ជំនួយជួយវីរៈកងទ័ពយើង....
រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញទទួលអំណោយពីអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ និងស្រុកស្ទោង នៅស្នងការដ្ឋាននគរបាលខេត្ត កំពង់ធំ។
ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល មានប្រសាសន៍សំណេះសំណាល ដោយថ្លែងថា ថ្ងៃនេះលោកមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះសមិទ្ធផលនានា ដែលបងប្អូនកងកម្លាំងយើង សម្រេចបានលទ្ធផលជោគជ័យថ្មីៗ ជាបន្តបន្ទាប់ ក្រោមម្លប់សាមគ្គីភាព កិច្ចសហការបានល្អ ក្នុងការអនុវត្ត តួនាទី ភារកិច្ច ព្រមទាំងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ធានាបានសេចក្តីសុខក្សេមក្សាន្ត ជូនសង្គមជាតិ និងប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោស្នងការ បន្តទៀតថា ក្រៅពីការងារស្នូល របស់អង្គភាព កងកម្លាំងបានដើរតួយ៉ាងសំខាន់ ក្នុងការងារមនុស្សធម៌ ជាមួយសង្គមជាតិ និងប្រជាពលរដ្ឋ ជាក់ស្តែងនាឱកាសនេះ បងប្អូនបាននាំយកនូវស្បៀងអាហារ ចំណាយថវិកាផ្ទាល់ខ្លួន ទិញសម្ភារៈ គ្រឿងឧបភោគបរិភោគ ប្រគល់ជូនថ្នាក់ដឹកនាំ នៃអង្គភាព ដើម្បីយកទៅចាត់ចែងប្រើប្រាស់តាមតម្រូវការចាំបាច់ ជាពិសេសឧបត្ថម្ភ ដល់ជនភៀសសឹក ដែលឃ្លាតចាកផ្ទះសម្បាំង ស្រែចម្ការ សត្វចិញ្ចឹម ទ្រព្យសម្បត្តិ ភៀសខ្លួនមកស្នាក់នៅបណ្ដោះអាសន្ន តាមភូមិឋានក្នុងភូមិសាស្ត្រខេត្ត ដោយសារការឈ្លានពានពីកងទ័ពថៃ មកលើបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើង។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជន និងសូមជូនពរជ័យ កើតមាន ដល់កងកម្លាំង គ្រប់លំដាប់ថ្នាក់ សូមជួបប្រទះ តែពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



















0 Comments:
Post a Comment