ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ «Say No to Fake News» ជំហានទី២ ដើម្បីពង្រឹងសន្តិសុខនិងសុវត្ថិភាពព័ត៌មាន នឹងចេញដំណើរក្នុងពេលឆាប់ៗនេះ ក្រោយពីយុទ្ធនាការជំហានទី១ ដែលបានចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដល់ចុងខែមីនា ឆ្នាំ២០២៦ នេះ បញ្ចប់ដោយជោគជ័យ និងទទួលលទ្ធផលប្រកបដោយមោទនៈ។បើតាមឯកឧត្តម នេត្រ ភក្ត្រា ជាលទ្ធផលចំណេះដឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ រួមនឹងអក្ខរកម្មឌីជីថលត្រូវបានផ្សព្វផ្សាយនិងបញ្ជ្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ។ អ្នកចូលរួមក្នុងយុទ្ធនាការផ្ទាល់ជាង ៤០០០ នាក់ទូទាំងប្រទេសដែលជាឃោសិកផ្ទាល់ ហើយសកម្មភាពទាំង ២៥ ខេត្តរាជធានីនេះបានជះឥទ្ធិពលដល់មនុស្សជិត ១០លាននាក់។
ជាមួយគ្នានេះ ក្រសួងព័ត៌មានបានសហការជាមួយក្រសូងប្រៃសណីយ៍និងទូរគមនាគមន៍ផ្សព្វផ្សាយសារអប់រំដោយផ្ទាល់តាមប្រព័ន្ធទូរស័ព្ទដល់ពលរដ្ឋសរុបជាង ២៣ លានអង្គ/នាក់ ដែលមនុស្សម្នាក់អាចទទួលសារលើសពីមួយដង។
ឯកឧត្តម នេត្រ ភក្ត្រា សង្កត់ធ្ងន់ថា ជារួម ប្រជាពលរដ្ឋបានយល់ដឹងច្រើនពីវិធានកាេការពារខ្លួនពីព័ត៌មានក្លែងក្លាយ និងជឿជាក់ចិត្តលើប្រភពព័ត៌មានផ្លូវការ និងបានជួយអប់រំសហគមន៍របស់ខ្លួនកុំឱ្យចាញ់បោកព័ត៌មានក្លែងក្លាយ ចាំបាច់ត្រូវផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ មុននឹងជឿ និងមុននឹងចែករំលែក៕


















0 Comments:
Post a Comment